ស្វែងយល់អំពីជំងឺស្រែង
១-និយមន័យ:
ជំងឺស្រែងគឺជាជំងឺសើស្បែកមួយប្រភេទ(Dermatophytes, tinea) ងាយឆ្លងដែលបង្កដោយមេរោគផ្សិតលើផ្ទៃស្បែក។
*ជំងឺនេះកើតលើមនុស្សគ្រប់វ័យអាចកើតនៅលើគ្រប់កន្លែងទាំងអស់នៃខ្លួនប្រាណ ជាពិសេសច្រើនចូលចិត្តកើតនៅត្រង់កន្លែងស្បែកផ្អឹបគ្នាដែលមានផ្នត់ មានលក្ខណះបិទបាំង ឧស្សាហ៍បែកញើសសើមហើយពុំសូវប៉ះនឹងពន្លឺថ្ងៃដូចជានៅតាមក្រលៀន ក្លៀក ចង្វែកគូថ ឬចន្លោះម្រាមដៃម្រាមជើងជាដើម។
២-ភ្នាក់ងារបង្ក: បង្កឡើងដោយពពួកមេរោគផ្សិតដូចជាTrichophyton, Microsporum និងEpidermophyton។
៣-របៀបឆ្លង: ឆ្លងតាមរយៈ
– ការប៉ះគ្នាផ្ទាល់រវាងស្បែកនិងស្បែក ជាមួយនឹងមនុស្សដែលមានមេរោគផ្សិត
– ការប៉ះពាល់ផ្ទាល់ជាមួយនឹងសត្វដែលមានផ្ទុកមេរោគផ្សិត
-ប៉ះពាល់ផ្ទាល់ជាមួយសម្ភារៈឧបករណ៍ប្រើប្រាស់ផ្សេងៗរួមគ្នាដែលមានផ្ទុកមេរោគផ្សិតដូចជា សម្លៀកបំពាក់ កន្សែង ក្រម៉ា មួក ស្រោមជើង ស្រោមដៃ ស្បែកជើង។
-ការប៉ះផ្ទាល់ជាមួយដី ធូលីដែលមានផ្ទុកមេរោគនេះ។
៤-រោគសញ្ញា:
រោគសញ្ញាជំងឺស្រែងសំគាល់ដោយរមាស់ ហើយមានរាងជារង្វង់បន្ទះមូល ឬរាងពងក្រពើដោយមានក្រម៉រស្រកាៗលើស្បែក ហើយគែមជុំវិញរាងខ្ពស់និងក្រហម ជាងផ្នែកកណ្ដាលដែលមានលក្ខណៈដូចស្បែកធម្មតាឬអាចមានក្រម៉ស្តើងតិចតួច។ជួនកាលពេលខ្លះដោយសារអ្នកជំងឺគាត់បានប្រើបាស់ថ្នាំលាបផ្សេងៗនាំអោយរូបរាងក៏មិនច្បាស់អាចធ្វើអោយច្រឡំនឹងជំងឺសើស្បែកផ្សេងទៀតបាន។
៥-ការធ្វើរោគវិនិច្ឆ័យ: គេអាចធ្វើរោគវិនិច្ឆ័យបានតាមរយៈ
• តាមរយៈគ្លីនិក ៖ការពិនិត្យមើលដោយភ្នែកផ្ទាល់ទៅតាមសញ្ញាដែលចេញលើស្បែកតាមទីតាំងនិមួយៗ
• ការវិភាគដោយមីក្រូទស្សន៌៖ កោសយកក្រម៉រតាមគែមនោះយកទៅពិនិត្យក្នុងមីក្រូទស្សន៍ដោយប្រើសូលុយស្យុង(KOH) ដើម្បីវិភាគរកមើលមេរោគផ្សិត។
•ដោយឧបករណ៌ពន្លឺWood’s lamp
• ការបណ្ដុះមេរោគផ្សិតដោយកោសក្រម៉ទៅបណ្ដុះរកមេរោគ(Culture)
• ការច្រិបយកស្បែកដែលសង្ស័យមានស្រែង នោះទៅវិភាគ(Skin Biopsy)។
លោកអ្នកដែលកើតមានបញ្ហាខាងលើអញ្ជើញមកជួបជាមួយគ្រូពេទ្យឯកទេសជំងឺសើស្បែកនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីទទួលការរធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យមានប្រសិទ្ឋភាព និងសុវត្ថិភាពត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្ត្រទំនើប។