ផ្នែកវះកាត់ប្រព័ន្ធប្រសាទ (ខួរក្បាល និង ឆ្អឹងខ្នង)
តើបញ្ហាឆ្អឹងកងខ្នងណាខ្លះដែលបងប្អូនតែងតែជួបប្រទះជាប្រចាំនិងអាចទទួលបានសេវាព្យាបាលនូវផ្នែកវះកាត់ប្រព័ន្ធប្រសាទនៃមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត?
• ការលៀនទ្រនាប់ឆ្អឹងកងចង្កេះ
• ការរំកិលនៃឆ្អឹងកងចង្កេះ
• ការបាក់ឆ្អឹងកងខ្នង
• ជំងឺរបេងឆ្អឹងកងខ្នង
• ដុំសាច់នៅខួរឆ្អឹងខ្នង
តើបញ្ហាជំងឺឆ្អឹងកងខ្នងណាមួយដែលបងប្អូនតែងតែជួបប្រទះច្រើនជាងគេទៅលើមនុស្សពេញវ័យ?
-ជំងឺលៀនទ្រនាប់ឆ្អឹងចង្កេះដែលគាបលើសសៃវិញ្ញាណជាបញ្ហាដែលបងប្អូនតែងតែជួបប្រទះច្រើនជាងគេ។
អ្វីទៅជាជំងឺលៀនទ្រនាប់ឆ្អឹងកងចង្កេះគាបសសៃវិញ្ញាណ?
-ការលៀនទ្រនាប់ឆ្អឹងខ្នងគាបសរសៃវិញ្ញាណ គឺនៅពេលដែលមានការរហែកសំបកទ្រនាប់ឆ្អឹងកង(Annulus Fibrosus) ដែលបណ្ដាលអោយមានការប៉ោងលៀន ឬ ក៏បែកធ្លាយចេញនៃស្រទាប់កណ្ដាលនៃស្រទាប់ឆ្អឹងកង(Nucleus Pulposus) ហើយបំណែកនោះបានទៅសង្កត់ទៅលើសសៃវិញ្ញាណ។
នរណាខ្លះដែលអាចប្រឈមទៅនឹងជំងឺលៀនទ្រនាប់ឆ្អឹងកងចង្កេះ?
មនុស្សគ្រប់រូប គ្រប់វ័យសុទ្ធតែអាចមានហានិភ័យនៃការកើតមាននូវជំងឺលៀនទ្រនាប់ឆ្អឹងកង ហើយក្នុងនោះក៏មានកត្តាជំរុញមួយចំនួនដែលអាចបង្កអោយមានបញ្ហានេះផងដែរកត្តាទាំងនោះរួមមាន:
-មនុស្សដែលមានវ័យចាប់ពីអាយុ៣៥ ដល់ ៤៥ឆ្នាំ
-អ្នកធ្វើការងារធ្ងន់
-ការធាត់លើសទំងន់
-ការងារដែលតម្រូវអោយអង្គុយយូរ
-កង្វះសកម្មភាពហាត់ប្រាណ
-សកម្មភាពហាត់ប្រាណមួយចំនួនដែលមានសំពាធខ្លាំងទៅលើរាង្គកាយ ជាពិសេសឆ្អឹងកងខ្នង
-អ្នកជក់បារី
តើឆ្អឹងកងចង្កេះណាខ្លះដែលអាចប្រឈមជាមួយជំងឺលៀនទ្រនាប់ឆ្អឹងនេះ?
តាមការសិក្សាស្រាវជ្រាវជំងឺលៀនទ្រនាប់ឆ្អឹងខ្នងកើតឡើងលើឆ្អឹងកងចង្កេះភាគច្រើនបំផុត(៩០%កើតឡើងលើឆ្អឹងកងចង្កេះទី៤-ទី៥ រឺ ទី៥ និងឆ្អឹងកន្ទុយទី១) និងបន្ទាប់គឺឆ្អឹងកងក ចុងក្រោយគឺឆ្អឹងកងខ្នងប្រហែល១០% ។
តើអ្នកជំងឺមានបញ្ហាលៀនទ្រនាប់ឆ្អឹងកងចង្កេះមានអាការៈបែបណាខ្លះ?
ការឈឺចង្កេះ ហើយរាលដាលដល់កំភួនជើង ប្រអប់ជើង ឬបាតជើង តែម្ខាង ឬទាំងសងខាង នេះគឺជារោគសញ្ញាដែលជួបជាញឹកញាប់លើអ្នកជំងឺដែលមានបញ្ហាលៀនទ្រនាប់ឆ្អឹងកងចង្កេះ។ ការស្ពឹក និងពិបាកបន្ទោរបង់ ក៏ជារោគសញ្ញាដទៃទៀតនៃបញ្ហាលៀនទ្រនាប់ឆ្អឹងកងចង្កេះផងដែរ។
តើធ្វើដូចម្តេចទើបដឹងថាអ្នកជំងឺមានបញ្ហាលៀនទ្រនាប់ឆ្អឹងកងចង្កេះ?
ការថតស្កេន ឬការថត MRI គឺជាមធ្យោបាយដែលល្អបំផុតដើម្បីបញ្ជាក់អំពីរោគវិនិច្ឆ័យនៃជំងឺការលៀនទ្រនាប់ឆ្អឹងកងចង្កេះនេះ។
តើវិធីសាស្ត្រព្យាបាលជំងឺលៀនទ្រនាប់ឆ្អឹងកងចង្កេះមានអ្វីខ្លះ?
មានវិធីសាស្ត្រជាច្រើនក្នុងការព្យាបាលនៃបញ្ហាលៀនទ្រនាប់ឆ្អឹងកងនេះ។ ការព្យាបាលដោយថ្នាំ ការចាក់ថ្នាំបំបាត់ការរលាក និងហើមនៃសរសៃវិញ្ញាណនៅនឹងចង្កេះ ការព្យាបាលដោយចលនា សុទ្ធសឹងជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនដោយមិនបាច់វះកាត់លើអ្នកជំងឺដែលមានបញ្ហាប្រភេទនេះ។ មកដល់សព្វថ្ងៃនេះ ការចោះយកទ្រនាប់ឆ្អឹងដែលសង្កត់ គឺជាវិធីសាស្ត្រព្យាបាលចុងក្រោយលើអ្នកជំងឺដែលមានបញ្ហាលៀនទ្រនាប់ឆ្អឹងកងចង្កេះនេះ។
តើអ្វីទៅជាការព្យាបាលដោយប្រើម៉ាស៊ីនអង់ដូស្កុប សម្រាប់បញ្ហាលៀនទ្រនាប់ឆ្អឹងចង្កេះ និងគាបសរសៃវិញ្ញាណ?
ការព្យាបាលដោយប្រើអង់ដូស្កុប ជាបច្ចេកទេសដែលប្រើប្រាស់នូវសម្ភារៈទំនើបៗ មានស្នាមរបួសតូចជាង ១សង់ទីមែត្រ មិនសូវមានការឈឺចាប់ក្រោយព្យាបាល ប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់។ វាជាបច្ចេកទេសទំនើបចុងក្រោយដែលបណ្តាប្រទេសអភិវឌ្ឍនិ៍ កំពុងអនុវត្តន៍ក្នុងការព្យាបាលអ្នកជំងឺ។
តើអត្ថប្រយោជន៏នៃការព្យាបាលចោះដោយប្រើម៉ាស៊ីនអង់ដូស្ដូប មានអ្វីខ្លះ?
• មុខរបួសតូច
• បាត់បង់ឈាមតិច
• សុវត្ថិភាពខ្ពស់
• ប្រឈមទៅនឹងការឆ្លងរោគតិច
• សម្រាកក្នុងមន្ទីរពេទ្យតិច
• មិនប៉ះពាល់ទៅលើលំនឹងរបស់ឆ្អឹងខ្នង
• អ្នកជំងឺអាចឆាប់ត្រឡប់ទៅធ្វើការងារ និងសកម្មភាពប្រចាំថ្ងៃបានលឿន
-ប្រសិនបើលោកអ្នកសង្ស័យ ឬកំពុងមានបញ្ហាដែលទាក់ទងជាមួយបញ្ហាខួរក្បាលនិងឆ្អឹងកងខ្នង សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសផ្នែកវះកាត់ប្រព័ន្ធប្រសាទខួរក្បាល និងឆ្អឹងខ្នងនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតដើម្បីទទួលបានការព្យាបាលដ៏ត្រឹមត្រូវ ប្រកបដោយគុណភាព
-មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតជាមន្ទីរពេទ្យដែល ផ្តល់នូវការព្យាបាលដល់អ្នកជំងឺមានបញ្ហាលៀនទ្រនាប់ឆ្អឹងកង និងគាបសរសៃវិញ្ញាណ គ្រប់វិធីសាស្រ្ត ជាពិសេសការព្យាបាលដោយប្រើម៉ាស៊ីនអង់ដូស្កូបដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយដែលបាននិងកំពុងប្រើក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត